Celebrating 70 years

ស៊ុំ វិចិត្រា, អ្នកស្តាប់នៅប្រទេសកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា

ជាតិ​សាសនា  ព្រះមហាក្សត្រ

លិខិតជូនពរ

សូមអបអរសាទរខួបទី៧០ឆ្នាំនៃការបង្កើតវិទ្យុអូស្រ្តាលីផ្សាយសំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិច

 ក្នុងឱកាសគំរប់ខួបទី៧០ឆ្នាំ​សូម នៃការបង្កើតវិទ្យុអូស្រ្តាលីផ្សាយសំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិច​នៅឆ្នាំ២០០៩នេះ​ ខ្ញុំបាទ​​ឈ្មោះ ស៊ុំ​ វិចិត្រា​  ភេទប្រុស ​អាយុ២៩ឆ្នាំ សញ្ជាតិកម្ពុជា មានអាសយដ្ឋាន​នៅខេត្តកំពង់ឆ្នាំង ហើយបច្ចុប្បន្នស្នាក់នៅ និងបំពេញការងារក្នុងក្រុមហ៊ុនឯកជននៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា​ សូមគោរពជូនពរដល់សមាជិក សមាជិកានៃវិទ្យុអូស្រ្តាលីផ្សាយ សំរាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិច ជាពិសេសសំរាប់សមាជិក សមាជិកា​នៃវិទ្យុអូស្រ្តាលីផ្សាយជា​ភាសាខ្មែរ​សំរាប់តំបន់​អាស៊ី-ប៉ាស៊ីហ្វិចទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងកំពុងសិក្សានៅក្នុងប្រទេស​អូស្រ្តាលីផងដែរ អោយទទួលបាននូវភាពជោគជ័យ​​ រីកចំរើន ព្រមទាំងមានសុខភាពល្អ និងឈ្នះគ្រប់​ឧបសគ្គ​ និងដោយឡែកសូមអោយដំណើរការផ្សាយរបស់វិទ្យុអេប៊ីស៊ី ទទួលបានភាពជោគជ័យ​ជា​រៀង​រហូត ហើយជាពិសេសក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចដ៏លំបាកនេះ។​​​

ម៉្យាងវិញទៀត សូមយក​ឱកាស​នេះដើម្បីជំរាបជូនផងដែរថា តាមរយៈការផ្សាយជាភាសាខ្មែរ​នៃវិទ្យុអូស្រ្តាលី សំរាប់តំបន់​អាស៊ី-ប៉ាស៊ីហ្វិចនេះ បានផ្តល់ផលប្រយោជន៍ និងចំណេះដឹងយ៉ាងច្រើន​ដល់​​ប្រជាជនកម្ពុជា ដូចជា បញ្ហាសង្គម សុខភាព​ សេដ្ឋកិច្ច និងនយោបាយ ជាពិសេសការវិវឌ្ឍន៍ថ្មីនៃ​ស្ថានការណ៍​នយោបាយ​នៅកម្ពុជារយៈពេលចុងក្រោយនេះ។​​ ជាមួយគ្នានេះដែរ តាមរយៈការផ្សាយ​នៃ​​វិទ្យុអូស្រ្តាលី ក៏បាន​ចូលរួមចំណែកផ្សព្វផ្សាយ និងពង្រឹងដោយប្រយោលនូវលទ្ធិ​ប្រជាធិបតេយ្យ​ដល់កម្ពុជា ហើយក៏បាន​ចែករំលែកនូវពត៌មាន និងចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរនៅ​តំបន់​ដាច់​​ស្រយាល​ ដែលពុំមាន​លទ្ធភាពទទួលបាននូវពត៌មានគ្រប់ជ្រុងជ្រោយ។​ ក្រៅពីពត៌មានដែលទាក់ទង​នឹងប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរ ក៏បានទទួលនូវពត៌មានថ្មីៗទាក់ទងនឹងស្ថានការណ៍នៅបរទេស ដូចជានយោបាយ ការវិវឌ្ឍន៍នៃសេដ្ឋកិច្ចបច្ចុប្បន្នដែលកំពុងមានវិបត្តិ និងពត៌មានផ្សេងៗទៀត។​ សំរាប់រូបខ្ញុំផ្ទាល់វិញ ខ្ញុំបានទទួលមិនគ្រាន់តែពត៌មានដែលទាក់ទងនឹងសង្គម នយោបាយ សុខភាព និងសេដ្ឋកិច្ច​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានហាត់រៀនស្តាប់ និងនិយាយភាសាអង់គ្លេសតាម​បែបអូស្ត្រាលី​ទៀតផង។​ ដោយសារតែការស្តាប់ និងនិយាយភាសាអង់គ្លេសរបស់ខ្ញុំនៅមានកំរិត​ទាបផង​នោះ ដូចនេះ​ក្រៅពីការហាត់ស្តាប់ និងនិយាយភាសាអង់គ្លេសក្នុងវិទ្យុអូស្ត្រាលីផ្សាយជា​ភាសាខ្មែរ នៅពេលទំនេរ​​ខ្ញុំតែងតែហាត់រៀនស្តាប់ភាសាអង់គ្លេសក្នុងវិទ្យុអូស្រ្តាលីដែល​ផ្សាយជា​ភាសាអង់គ្លេសជារៀងរាល់ថ្ងៃ ក្នុងគោលបំណងដើម្បីពង្រឹងចំណេះដឹងភាសារអង់គ្លេស​អោយមាន​ភាពល្អប្រសើរជាងមុន។

ដូច្នេះសរុបសេចក្តីមក ការផ្សាយជាភាសាខ្មែរនៃវិទ្យុអូស្រ្តាលីសំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិច បានផ្តល់​អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា​ ជាពិសេសលើផ្នែកសារពត៌មាន​ មានន័យ​ថា​ប្រជាជន​កម្ពុជាមានសិទ្ធិទទួលយកគ្រប់សារពត៌មានតាមដែលពួកគេត្រូវការ ម៉្យាងវិញទៀតបាន​ធ្វើ​អោយ​​​​កម្ពុជា​​​មានសារពត៌មានកាន់តែសំបូរបែប។​ ក្នុងឱកាសខួបទី៧០ឆ្នាំនេះផងដែរ ក្នុងនាមខ្ញុំ​ជា​ពលរដ្ឋ​​​ខ្មែរម្នាក់ ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ក៏ដូចជាអគ្គនាយកនៃវិទ្យុអូស្រ្តាលី​​ អេប៊ីស៊ី ដែលបានអនុញ្ញាតិអោយមានការផ្សាយពត៌មាន ជាភាសាខ្មែរសំរាប់តំបន់ អាស៊ី-ប៉ាស៊ីហ្វិច​នេះ ហើយ​ក៏​សូមសំណូមពរដល់សមាជិក សមាជិកានៃវិទ្យុអូស្រ្តាលីទាំងការផ្សាយជាភាសាខ្មែរ និង​ជា​ភាសា​បរទេសទាំងអស់ មេត្តាជួយផ្សព្វផ្សាយដល់ពិភពលោក អំពីប្រទេសកម្ពុជាតាម​លទ្ធភាព​ដែល​​អាច​ធ្វើទៅបាន ដើម្បីធ្វើយ៉ាងណាអោយពិភពលោកស្គាល់អំពី អរិយធម៌ វប្បធម៌ និងធនធាន​ធម្មជាតិ​ដ៏សំបូរបែបរបស់កម្ពុជា ជាពិសេសអោយពួកគេស្គាល់អំពី​ប្រវត្តិសាស្រ្ត​របស់កម្ពុជា​​ ដើម្បីជា​ប្រយោជន៍​​ដល់ប្រជាជនកម្ពុជា។​ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្មាក់ ខ្ញុំមានមោទនភាពជាទីបំផុតដែលមាន​ឮភាសាខ្មែរត្រូវបានផ្សព្វផ្សាយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិច តាមរយៈវិទ្យុអូស្រ្តាលី អេប៊ីស៊ីនេះ។

ដូច្នេះជាទីបញ្ចប់ខ្ញុំសូមជូនពរជាថ្មីម្តងទៀតដល់សមាជិក សមាជិកា នៃវិទ្យុអូស្រ្តាលី​ទាំង​ការផ្សាយជាភាសាខ្មែរ ព្រមទាំងជាភាសាបរទេស អោយទទួលបាននូវសុខភាពល្អ ជោគជ័យ​រាល់​ភារកិច្ច និងជំនះរាល់ឧបសគ្គ។​

សូមសមាជិក សមាជិកាទាំងអស់ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។​

ខេត្តព្រះសីហនុ ខែ​វិច្ឆិកា​ ឆ្នាំ២០០៩

 ស៊ុំ​ វិចិត្រា

About the author

អ្នកស្តាប់វិទ្យុអូស្រ្តាលីនៅកម្ពុជា

Leave a Reply